
តុលាការកំពូលរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី២០ ខែធ្នូ) បានបន្តរក្សាទណ្ឌកម្មប្រឆាំងនឹងមហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ដែលត្រូវបានដាក់លើរូបលោក បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាកងទ័ពរុស្ស៊ីឲ្យចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ សហភាពអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មបណ្ដាមន្ត្រី និងអ្នកជំនួញរុស្ស៊ីមួយចំនួនដូចជាលោក Abramovich នេះជាដើម ខណៈបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់រយពាន់លានដុល្លារ។ លោក Abramovich បានចាប់ផ្តើមតវ៉ាផ្លូវច្បាប់ ប្រឆាំងនឹងទណ្ឌកម្មនេះ។
តុលាការកំពូលរបស់សហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីសម្រេចមួយថា៖ «តុលាការកំពូលបានច្រានចោលការតេវ៉ា ដែលធ្វើឡើងដោយលោក Abramovich ដោយហេតុនេះ រក្សាទុកនូវវិធានការរឹតបន្តឹង ដែលបានធ្វើឡើងប្រឆាំងនឹងរូបលោក»។
លោក Abramovich ដែលមានសញ្ជាតិអ៊ីស្រាអែល និងជាអតីតម្ចាស់ក្លិបបាល់ទាត់ Chelsea ផងដែរនោះ បានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងឆ្នាំ១៩៩១។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់លោក មានចំនួន ៩,២ពាន់លានដុល្លារ៕