សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលបានធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌វិជ្ជាជីវៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាពការបែកបាក់សាមគ្គីភាពជាតិជាដើម។
ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបង្ហាញនូវក្តីសោមនស្សរីករាយ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចបានចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត័មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តនៅពេលខាងមុខ ដើម្បីលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពខាង សារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតីមានប្រសាសន៍ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្តដល់សាធារណជន។
ក្នុងឱកាសនេះសម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលនេះ ជាកម្លាំងចលករក្នុងការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាពដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
ទន្ទឹមនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកោតសរសើរចំពោះស្ថាប័ន សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មានការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមកដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តិការណ៍បោះឆ្នោតសកលនីតិកាលទី៧ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។ សម្ដេចក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូកដែលទទួលបានជោគជ័យយ៉ាងធំធេងនាពេលថ្មីៗកន្លងទៅនេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន។
សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្តុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើបក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈដើម្បីឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានអនុវត្តនូវការសម្រេចដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយលើកលែងពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋសម្រាប់ រយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃអាជ្ញាបណ្ណស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០% (ហាសិបភាគរយ) ដើម្បីជួយសម្រួលបន្ទុករបស់បងប្អូនអ្នកសារព័ត៌មានដែលកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសាកល។
ក្នុងឱកាសនេះបានផ្ដល់អនុសាសន៍ចំនួន ៧ ចំណុចដល់អង្គវេទិកាលើកទី២០នេះ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមាន អរិភាពការបែកបាក់សាមគ្គីភាពជាតិ ក្នុងនោះរួមមាន
ទី១ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
ទី២ ត្រូវផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ទី៣ ត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាពស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ទី៤ ត្រូវផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
ទី៥បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
ទី៦ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។
ទី៧ ត្រូវបណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ នឹងផ្ដល់នូវលទ្ធផល ប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕