អាជ្ញាធរការពារជាតិនៅទីក្រុងតៃប៉ិ បាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថាកោះតៃវ៉ាន់ នឹង «ដោះស្រាយ» បាឡុងរបស់ចិន ដែលហោះហើរនៅក្បែរនោះ ដោយផ្អែកលើការវាយតម្លៃការគំរាមកំហែង ទោះបីជាក្រុមមន្ត្រីជឿថារលកនៃការបញ្ជូនបាឡុងបច្ចុប្បន្ននេះ គឺសម្រាប់គោលបំណងអាកាសធាតុ ដែលជំរុញដោយខ្យល់បក់ខ្លាំងនៅរដូវនេះនៃឆ្នាំនេះក៏ដោយ។

លទ្ធភាពដែលប្រទេសចិន អាចប្រើប្រាស់បាឡុងសម្រាប់ចារកម្ម បានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែចិនបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ អាជ្ញាធរជាតិរបស់កោះតៃវ៉ាន់ បានរាយការណ៍ពីករណីចំនួនបួននៃបាឡុងរបស់ចិន បានហោះពីលើច្រកសមុទ្រដ៏រសើបរបស់ខ្លួន បន្ទាប់មកឆ្លងកាត់ដែនអាកាសទៅកាន់ភាគខាងជើងនៃកោះនេះ មុនពេលបាត់ខ្លួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យអាជ្ញាធរការពារជាតិ លោក ស៊ុន លីហ្វាង (Sun Li-fang) បាននិយាយថា ចាប់ពីខែតុលា ដល់ខែមីនា បាឡុងរបស់ចិន ត្រូវបានគេប្រទះឃើញជាប្រចាំ ដោយសារខ្យល់បក់នៅពេលនោះនៃឆ្នាំ ហើយអាជ្ញាធរនឹង «ដោះស្រាយ» បញ្ហាបាឡុងរបស់ចិននេះអាស្រ័យលើកម្រិតការវាយតម្លៃនៃការគំរាមកំហែង ប៉ុន្តែអ្វីដែលពិតប្រាកដនោះគឺជាការសម្ងាត់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អាជ្ញាធរនឹងប្រកាសថា តើបាឡុងទាំងនោះធ្វើឡើងក្នុងគោលបំណងឃ្លាំមើល ឬក៏អត់ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនអាចវិនិច្ឆ័យបានទេថា តើបាឡុងដែលឃើញនៅពេលនេះមានទំនាក់ទំនងនឹងការបោះឆ្នោតមេដឹកនាំកោះតៃវ៉ាន់ នាពេលឆាប់ៗនេះ ឬយ៉ាងណានោះទេ៕
