ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសចិន បានកើនឡើងដល់ ១៣៤នាក់ ហើយមនុស្សជិត ១.០០០នាក់បានរងរបួស ខណៈក្រុមអ្នកជួយសង្គ្រោះស្វះស្វែងជីកកកាយតាមគំនរបាក់បែកដើម្បីស្វែងរកអ្នកនៅរស់ក្រោមលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារភ្លាមៗមុនពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃច័ន្ទ នៅក្នុងស្រុក ជីសាន (Jiishan) ក្បែរព្រំដែន នៃខេត្តកាន់ស៊ូ (Gansu) និងខេត្តឈីងហៃ (Qinghai) ដោយបានបំផ្លិចបំផ្លាញ ឬធ្វើឲ្យខូចខាតផ្ទះសម្បែងជាង ១៥០.០០០ខ្នង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

គ្រោះរញ្ជួយដីដែលបន្តដោយការរញ្ជួយដ៏ខ្លាំងក្លាជាច្រើនដងបានបណ្តាលឱ្យមានលំហូរល្បប់ និងបំណាក់ដី ព្រមទាំងការបំផ្លាញខ្សែថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកផ្សេងទៀត «ក្នុងកម្រិតខ្ពស់ខ្លាំង»។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣៤នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តកាន់ស៊ូ ភាគពាយ័ព្យ និងខេត្តឈីងហៃ ដែលនៅជិតខាង។
ស្របពេលរលកត្រជាក់ដ៏អូសបន្លាយរយៈពេលជាច្រើនថ្ងៃបានបោកបក់ពាសពេញប្រទេសចិន តំបន់រយៈកម្ពស់ខ្ពស់នៅភាគពាយ័ព្យនៃប្រទេសចិន បានរាយការណ៍អំពីសីតុណ្ហភាពចុះទាបរហូតដល់ដក ១៦អង្សារសេ ដែលរារាំងដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ក្រុមអ្នកឆ្លើយតប រួមទាំងអ្នកពន្លត់អគ្គិភ័យ ១.៥០០នាក់ មន្ត្រីនគរបាល ១.៥០០នាក់ ទាហានសង្រ្គោះ ១.០០០នាក់ និងគ្រូពេទ្យប្រហែល ៤០០នាក់ បានបន្តទាញមនុស្សចេញពីគំនរបាក់បែក និងព្យាបាលអ្នករបួស៕
