វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ៣ ពិភពលោក Rafael Nadal បានសំរេចចិត្តដកខ្លួនពីការប្រកួត Grand Slam, Wimbledon ចុងខែនេះ ក៏ដូចជាអូឡាំពិករដូវក្តៅទីក្រុងតូក្យូខែក្រោយនេះ។

ម្ចាស់ Grand Slam ២០លើកដែលធ្លាប់ឈ្នះជើងឯក Wimbledon ពីរលើកនៅឆ្នាំ២០០៨ និង ២០១០ រូបនេះបាននិយាយថា គេត្រូវការពេលវេលាសម្រាក បន្ទាប់ពីការនឿយហត់ពីការប្រកួតនៅទីលានដីក្រហមកន្លងមក។ បុរសវ័យ ៣៥ឆ្នាំរូបនេះបានបន្តទៀតថា គេបានពិភាក្សារជាមួយក្រុមការងាររួចហើយ មុននឹងឈានដល់ការសំរេចចិត្តនេះ ខណៈកាយសម្បទាក៏មិនរឹងមាំដូចមុនដែរនៅពេលឈានមកដល់វ័យនេះ។ Nadal ទើបតែចាញ់កីឡាករលំដាប់លេខ១ ពិភពលោក Novak Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open លើទីលានដីក្រហមកាលពីសប្តាហ៍មុន។
ការដកខ្លួនរបស់ Nadal មានន័យថា ប្រសិនបើ Djokovic ឈ្នះជើងឯកនៅ Wimbledon មួយទៀតនឹងស្មើស្ថិតិឈ្នះ Grand Slam ២០លើកជាមួយនឹង Nadal និង Federer។ កាលពីដើមខែកន្លងមកនេះ Roger Federer ក៏បានដកខ្លួនពី French Open ដែរដោយសារបញ្ហាស្រដៀងគ្នានឹង Nadal ដែរទោះបីបានឈានដល់ជុំទី៤ ទៅហើយក្តី៕
អត្ថបទ៖នាង សុភាវុធ