បញ្ហាប្រឈមផ្លូវច្បាប់ចុងក្រោយបំផុតចំពោះយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់អាណត្តិទីពីរក្នុងនាមជាប្រធានាធិបតីអាមេរិក ហាក់ដូចជាផ្តល់ឱ្យបេក្ខជនប្រធានាធិបតីនាំមុខខាងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ រូបនេះនូវឥទ្ធិពលបន្ថែមទៀតនៅក្នុងដំណើររបស់ខ្លួនដើម្បីទទួលបានការតែងតាំងពីគណបក្សរបស់លោក។

តុលាការកំពូលរដ្ឋ ខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានរារាំងពីការមានឈ្មោះក្នុងសន្លឹកឆ្នោតរដ្ឋរបស់ខ្លួនសម្រាប់ការចូលរួមក្នុង «ការបះបោរ» ដោយសារតែបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញដែលកម្រប្រើ ជាការសម្រេចមិនធ្លាប់មានពីមុនមកដែលតុលាការកំពូលរបស់សហរដ្ឋអាមេរិកដឹកនាំដោយក្រុមអភិរក្សនិយម អាចនឹងបដិសេធ។

ក្រុមម្ចាស់ជំនួយ និងអ្នកវិភាគនយោបាយមកពីគណបក្សធំៗទាំងពីរ បាននិយាយថា សេចក្តីសម្រេចនេះនឹងធ្វើជំរុញដល់មូលដ្ឋាននយោបាយរបស់លោក ត្រាំ ដែលបន្ថែមឱ្យមានអំណះអំណាងរបស់លោកថាខ្លួនជាជនរងគ្រោះនៃដំណើរការផ្លូវច្បាប់បក្សពួក និងបំពេញថវិកាយុទ្ធនាការបោះឆ្នោតរបស់ខ្លួន ដូចដែលបានកើតឡើងកាលពីដើមឆ្នាំនេះ នៅពេលដែលលោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសម្រាប់ការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ក្នុងចំណោមឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ផ្សេងទៀត។

លោក ត្រាំ បានប្តេជ្ញាប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ចំពោះសេចក្តីសម្រេចរបស់រដ្ឋ ខូឡូរ៉ាដូ ដែលថាវិសោធនកម្មលើកទី១៤ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក រារាំងលោកពីការទទួលបានតំណែង។ យុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្របរិច្ចាគដើម្បីប្រឆាំងនឹងអ្វីដែលយុទ្ធនាការនេះហៅថាជាការសម្រេច «ដ៏ផ្ដាច់ការ»៕