កណ្ដាល ៖ រថយន្ត២គ្រឿង ឧបករណ៍តេស្តជំងឺកូវីដ-១៩ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង ត្រូវបានប្រគល់ជូនដល់គណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹង ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ឯកឧត្តម លឹម សុធា និងឯកឧត្តម ឃុត ឌីវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង ក្នុងឱកាសប្រគល់សម្ភារៈប្រើប្រាស់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានលើកឡើងថា ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង តែងតែយកចិត្តទុកដាក់ទាំងការឧបត្ថម្ភផ្ទាល់ដល់ ប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងបរិបទនេះ និងដល់គណៈបញ្ជាការឯកភាពស្រុក ដើម្បីរួមសហការ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា តាមរយៈអំណោយទាំងនេះ ពិតជាបានចូលរួមចំណែកខ្លាំងណាស់សម្រាប់គណៈបញ្ជាការឯកភាពស្រុក ដើម្បីទុក ប្រើប្រាស់ជាប្រយោជន៍រួមក្នុងស្រុក ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ។
លោកអភិបាលស្រុករូបនេះ បានឱ្យដឹងទៀតថា ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ស្រុកកណ្តាលស្ទឹង ក៏មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួនជាង៣៥០នាក់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ បានជាសះស្បើយ ចំនួនជាង១០០នាក់។ ដោយឡែកចំពោះការគ្រប់គ្រងសភាពការណ៍ ក៏ដូចជា ស្ថានភាពជីវភាពរស់នៅ របស់ពលរដ្ឋក្នុងមូលដ្ឋាននេះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺពុំមានប្រជាពលរដ្ឋណាមួយ ខ្វះខាតស្បៀងអាហារនោះទេ៕
អត្ថបទ៖ ជៀប សម្បត្តិ