ជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលកំពុងព្យាយាមការចូលក្នុងសហរដ្ឋអាមេរិក បានបន្តរង់ចាំនៅមជ្ឈ មណ្ឌលដំណើរការនៅខាងក្រៅច្រកទ្វារទីក្រុង Eagle Pass រដ្ឋតិចសាស់ កាលពីថ្ងៃពុធ។

បន្ទាប់ពីការអនុម័តច្បាប់ថ្មីរបស់រដ្ឋគាំទ្រដោយគណបក្សសាធារណរដ្ឋ ដែលផ្តល់ឱ្យមន្ត្រីរដ្ឋតិចសាស់នូវសិទ្ធអំណាចដ៏ទូលំទូលាយក្នុងការចាប់ខ្លួន កាត់ទោស និងនិរទេសអ្នកដែលឆ្លងចូលព្រំដែនដោយខុសច្បាប់ ជនអន្តោប្រវេសន៍បានបន្តមកដល់ចំណុចឆ្លងកាត់ Rio Grande ជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។

ច្បាប់ ដែលត្រូវបានគេស្គាល់ថា SB4 នឹងក្លាយជាច្បាប់ព្រហ្មទណ្ឌរដ្ឋ ចំពោះការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីបរទេស និងផ្តល់ឱ្យរដ្ឋ និងអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ នូវអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសអ្នកបំពាន។ ច្បាប់នេះក៏អនុញ្ញាតឱ្យចៅក្រមរដ្ឋចេញសេចក្តីបង្គាប់ឱ្យនិរទេសបុគ្គលម្នាក់ៗ ដោយមានទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំសម្រាប់ជនអន្តោប្រវេសន៍ដែលមិនព្រមអនុវត្តតាម។
មន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានបិទស្ពានផ្លូវរថភ្លើងចំនួនពីរខ្សែ ដែលដឹកទំនិញរវាងរដ្ឋតិចសាស់ និងប្រទេសម៉ិកស៊ិក បន្ទាប់ពីបានរកឃើញការកើនឡើងការរត់ពន្ធជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើង។ ចំណាត់ការរបស់អាជ្ញាធរគយ និងអង្គភាពការការពារព្រំដែន របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពចុងក្រោយនៃការបិទដូចគ្នានៅតាមព្រំដែន ដើម្បីដាក់ពង្រាយធនធានអនុវត្តច្បាប់ឡើងវិញនៅកន្លែងផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងជនអន្តោប្រវេសន៍ដ៏ច្រើន។