ភ្នំពេញ៖ រាជធានីខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MoU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តទាំង១១។
ពិធីចុះអនុស្សរណយោគយល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
នៅក្នុងឱកាសនោះ តំណាងរាជធានី ខេត្តចំនួន១១ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តយសជូនរាជធានី-ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងទឹក ដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភពប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។
រាជធានីខេត្តចំនួន១១ ដែលបានចុះអនុស្សរណយោគយល់ (MoU) ជាមួយក្រសួងបរិស្ថាននោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។
គួរបញ្ជាក់ដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ







