ត្បូងឃ្មុំ ៖ ជាការឆ្លើយតបចំពោះតម្រូវការ និងសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចជួសជុលផ្លូវកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង៣១០០ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលដំណើរការជួសជុល និងស្ថាបនា ដើម្បីធ្វើយ៉ាងណាអោយដំណើរការទៅបានលឿនតាមការគ្រោងទុក និងជាពិសេសពិនិត្យមើលពីគុណភាព និងបទដ្ឋានបច្ចេកទេស ពោលគឺត្រូវតែធ្វើតាមបទដ្ឋានបច្ចេកទេស ដែលបានកំណត់ ដើម្បីឱ្យផ្លូវមានគុណភាពប្រើប្រាស់បានយូរ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ផ្លូវ១ខ្សែ ដែលកំពុងត្រូវបានជួសជុលកែលម្អនេះ នឹងជួយសម្រួលដល់ការធ្វើប្រកបការងាររបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បញ្ជាក់ថា សម្រាប់អាជ្ញាធរខេត្តត្បូងឃ្មុំ គឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ការកសាង និងជួសជុលផ្លូវថ្នល់ការស្តារ និងជួសជុលប្រឡាយ ស្រះ និងទ្វារទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដទៃទៀតនៅទីរួមខេត្ត។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវត្រូវចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឲ្យដឹងថា ផ្លូវដែលកំពុងជួសជុល និងស្ថាបនានេះគឺជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង៣១០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុច ភូមិថ្នល់ថ្មី ដែលអាចបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី ភូមិព្នៅ ភូមិព្រះស្រែ ភូមិកណ្តាល ក្នុងក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ផ្លូវនេះ ជាគម្រោងថវិការបស់ខេត្ត ដែលគ្រោងធ្វើប្រវែង៤៥០០ម៉ែត្រ តែជំហានដំបូងធ្វើតែ៣១០០ម៉ែត្រសិន ដោយចាប់ដំណើរការតាំងពីដើមខែមិថុនាមកម្ល៉េះ៕
អត្ថបទ៖ ថុង សីហា