ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា ទាហានអ៊ីស្រាអែល បានសម្លាប់អ្នកបើកបររថយន្តជនជាតិប៉ាឡេស្ទីនម្នាក់ នៅតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ ខណៈដែលកងទ័ព បាននិយាយថា ខ្លួនបាន «កម្ទេចភេរវករម្នាក់» ។

ទីភ្នាក់ងារ Wafa បានរាយការណ៍ថា Basel Wajeeh al-Muhtasib មានវ័យ ២៨ឆ្នាំ បានស្លាប់ដោយសារការបាញ់ប្រហារដោយកងទ័ពអ៊ីស្រាអែល នៅពេលគាត់ បើករថយន្តឆ្លងកាត់ផ្លូវប្រសព្វ Bayt Inun ភាគខាងជើងនៃទីក្រុង Hebron។

របាយការណ៍ បាននិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបិទតំបន់ដើម្បីរារាំងលោក Muhtasib មិនឲ្យគេបញ្ជូនទៅមន្ទីរពេទ្យ។
កងទ័ព បាននិយាយថា ទាហាន បានបើកការបាញ់ប្រហារលើរថយន្តនោះ បន្ទាប់ពីអ្នកបើកបរ បានព្យាយាមបើក«រថយន្តបំបុក» ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
នៅមុនពេលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា អំពើហិង្សា បានកើនឡើង នៅទូទាំងតំបន់វេសបែង។