ប្រភពបាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថាក្រុមហ៊ុនដឹកជញ្ជូននានានៅតែស្ថិតក្នុងភាពងងឹត ជុំវិញសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិថ្មីមួយ ដែលត្រូវបានប្រមូលផ្តុំដោយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារនៅសមុទ្រក្រហម ដោយមាននាវាជាច្រើនបន្តគេចពីតំបន់នេះ ឬលុបចោលកិច្ចសន្យាដឹកជញ្ជូនព្រោះតែបារម្ភពីការវាយប្រហារ។

ប្រភពដែលរាប់បញ្ចូលទាំងមន្ត្រីដឹកជញ្ជូន និងសន្តិសុខដែនសមុទ្រនោះបាននិយាយថា មានព័ត៌មានលម្អិតជាក់ស្តែងតិចតួចប៉ុណ្ណោះ ត្រូវបានដឹងអំពីគំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយទីក្រុងវ៉ាស៊ីនតោននេះ ហើយគេមិនច្បាស់ទេថាតើកងកម្លាំងនោះនឹងចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារដោយអាវុធបន្ថែមទៀតនៅសមុទ្រ ឬយ៉ាងណា។

ក្រុមសកម្មប្រយុទ្ធ ហ៊ូទី (Houthi) គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា មកបានបង្កើនការវាយប្រហារលើនាវានៅសមុទ្រក្រហម ដើម្បីបង្ហាញការគាំទ្រដល់ក្រុមហាម៉ាស នៅពេលដែលការវាយលុកយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។ មេដឹកនាំរបស់ក្រុមឧទ្ទាមហ៊ូទី បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះនឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោន។

ការវាយប្រហារនៅសមុទ្រក្រហមនោះ បានរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើង ជាមួយអាស៊ី តាមរយៈព្រែកជីកស៊ុយអេ និងបណ្តាលឱ្យថ្លៃដឹកជញ្ជូនកុងតឺន័រកើនឡើងយ៉ាងខ្លាំងនៅពេលដែលក្រុមហ៊ុននានាស្វែងរកការដឹកជញ្ជូនទំនិញរបស់ពួកគេតាមមធ្យោបាយជំនួស ដែលវែងឆ្ងាយជាងនេះ៕