កំពត ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមប្លាស្ទិកដល់រដ្ឋបាលខេត្តកំពត និងខេត្តកែប តាមរយៈក្រសួងបរិស្ថាន ដើម្បីគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិក។
ពិធីប្រគល់-ទទួល បានធ្វើឡើងក្រោមវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
គម្រោង «រួមគ្នាដើម្បីបរិស្ថានស្អាត» នេះផ្តោតសំខាន់ទៅលើការអប់រំ ការបំផុសស្មារតី និងការអនុវត្តការគ្រប់គ្រង់សំរាមប្លាស្ទិក ដោយចាប់ផ្តើមពីការបញ្ជ្រាបចំណេះដឹងស្តីពីការគ្រប់គ្រងសំរាម រហូតដល់ការដាក់ធុងសំរាមតាមទីសាធារណៈចំនួន១៦ កន្លែង នៅក្នុងខេត្តកំពត និងខេត្តកែប។
ក្នុងនាមក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាដែលតែងតែចូលរួមជាមួយក្រសួងបរិស្ថាននិងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យបរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ នេះគឺជាការចូលរួមទទួលខុសត្រូវរបស់ក្រុមហ៊ុនកូកា-កូឡាលើវិស័យ បរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកទ្រុងដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុននាពេលនេះគឺជាដៃគូសហការមួយយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានោះដែរ លោក អូត ចាន់ឌី បានលើកឡើងថា ការនាំយកធុងបែងចែកសំរាមជូនដល់រដ្ឋបាលខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួមអនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាននូវការបែងចែកសំរាមប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយការចាប់ផ្តើមពី អ្នក! »៕ អត្ថបទ៖ រដ្ឋា





