បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយវិបត្តិតំបន់ហ្កាហ្សា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុង Marrakech ភាគខាងត្បូងប្រទេសម៉ារ៉ុក។

កិច្ចប្រជុំនេះ បានជួបជុំគ្នារដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសដែលចូលរួម រួមមានទាំងលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Hossam Zaki ឧបការីអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន គណៈប្រតិភូ បានអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មរួមចំពោះជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតក្នុងការសម្រេចបានបទឈប់បាញ់នៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។

លោក Lavrov បាននិយាយថា ជំហររបស់ប្រទេសរុស្ស៊ីលើបញ្ហាតំបន់ហ្កាហ្សា ស្របគ្នាជាមួយបណ្តាប្រទេសអារ៉ាប់ ហើយរុស្ស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយផ្អែកលើក្របខ័ណ្ឌច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ គណៈប្រតិភូក៏បានពិភាក្សាលើ ប្រធានបទស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី ជាពិសេសក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ និងថាមពល។
ដោយបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ វេទិកាកិច្ចសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ី មានវឌ្ឍនភាពទៅជាវេទិកាដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈ និងជំហរសម្របសម្រួល លើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ។