អតីតអ្នកសារព័ត៌មានទូរទស្សន៍ លោកស្រី យ៉េកាធឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) កាលពីថ្ងៃពុធ (២០ ធ្នូ) បានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងខែមីនា ឆ្នាំក្រោយនេះដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេរំពឹងថានឹងឈ្នះក្នុងសំឡេងគាំទ្រដ៏លើសលប់។

លោកស្រីបានបញ្ជូនឯកសារទៅក្រុមមន្ត្រីនៅគណៈកម្មការរៀបចំការបោះឆ្នោតមជ្ឈិម ដើម្បីចូលការបោះឆ្នោតជាផ្លូវការ ដែលជ័យជម្នះរបស់លោក ពូទីន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការសន្និដ្ឋានទុកជាមុនដោយអ្នកគាំទ្រ និងគូប្រជែងដូចគ្នា។

លោកស្រី ដុនត៍សូវ៉ា វ័យ ៤០ឆ្នាំបានអំពាវនាវនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ កាលពីខែមុន ឲ្យបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងការដោះលែងអ្នកទោសនយោបាយរួមទាំងមេដឹកនាំគណបក្សប្រឆាំង លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny)។
លោកពូទីន វ័យ ៧១ឆ្នាំ បានកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ១៩៩៩ មកហើយកំពុងព្យាយាមរកអាណត្តិ ៦ឆ្នាំទៀត។

ដោយមេដឹកនាំគណបក្សប្រឆាំងសំខាន់ លោក ណាវ៉ាលនី ជាប់ពន្ធនាគារសរុបជាង ៣០ឆ្នាំ និងក្រុមអ្នករិះគន់វិមានក្រឹមឡាំងឈានមុខគេផ្សេងទៀត ត្រូវជាប់ឃុំឃាំង ឬនៅក្រៅប្រទេស ដោយសារតែខ្លាចត្រូវចាប់ខ្លួននោះ មិនមានឥស្សរជនប្រឆាំងណាមួយដើម្បីឈរឈ្មោះបោះឆ្នោតប្រឆាំងនឹងលោកពូទីន នោះទេ៕