
ទីក្រុងស៊ាងហៃ បានត្រៀមជួបប្រទះនឹងរយៈពេលនៃអាកាសធាតុត្រជាក់បំផុត នៅខែធ្នូ ដែលជាលើកដំបូង ក្នុងរយៈពេល ៤ទសវត្សរ៍ ជាមួយនឹងការព្រមានពីអាកាសធាតុនៃការមានសីតុណ្ហភាព និងខ្យល់ទាប ដែលត្រូវបានប្រកាស នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះ ខណៈដែលរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសចិនមួយនេះ បានចូលទៅក្នុងភាពត្រជាក់រយៈពេលខ្លីយូរថ្ងៃ។
តាមរយៈការបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo របស់ខ្លួន ការិយាល័យឧតុនិយមក្រុងស៊ាងហៃ បានឲ្យដឹងថា សីតុណ្ហភាពធ្លាក់ទាបបំផុតរបស់ទីក្រុង នៅថ្ងៃព្រហស្បតិ៍នេះ នឹងមានពីដក ៤ (-៤) ទៅដក ៦ (-៦) អង្សាសេ នៅតំបន់ជាយក្រុងស៊ាងហៃ ហើយសីតុណ្ហភាពនឹងនៅតែក្រោមសូន្យ ពេញមួយថ្ងៃ ទូទាំងទីក្រុង។
ខណៈពេលដែលសីតុណ្ហភាពរបស់ទីក្រុង នៅតែក្តៅជាងតំបន់ភាគខាងជើងនៃប្រទេសចិន ជាកន្លែង ដែលខេត្តជាច្រើន បានជួបប្រទះនឹងសីតុណ្ហភាពទាបបំផុតជាប្រវត្តិសាស្ត្រ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាកាសធាតុត្រជាក់ ដែលមានបន្តបន្ទាប់ គឺមិនធម្មតាសម្រាប់ទីក្រុងស៊ាងហៃនោះឡើយ។
ការិយាល័យអាកាសធាតុរបស់ទីក្រុង បានប្រាប់ថា ខ្លួនរំពឹងថា សីតុណ្ហភាពអប្បបរមា នៅស្ថានីយវាយតម្លៃទីក្រុងមួយ នឹងនៅតែក្រោមសូន្យ សម្រាប់រយៈពេល ៥ថ្ងៃជាប់គ្នា រហូតដល់ថ្ងៃទី២៥ ខែធ្នូ ពោល គឺជាការមានអាកាសធាតុត្រជាក់ជាប់គ្នា នៅក្នុងខែធ្នូ ដែលមិនធ្លាប់បានកើតឡើងជាយូរមកហើយ ក្នុងរយៈពេល ៤០ឆ្នាំ៕