
លោក Julianne Smith ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការណាតូ បាននិយាយ នៅថ្ងៃទី២១ ខែធ្នូនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាងមួយពាន់កុងតឺន័រ ទៅឲ្យប្រទេស រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
លោក Smith បាននិយាយថា ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយរូបភាពផ្កាយរណប ដែលបង្ហាញពីចលនានៃកុងតឺន័រទាំងនេះពីកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី តាមរយៈនាវាដឹកទំនិញ។
លោកបាននិយាយថា៖«ជាលទ្ធផល ពួកយើង បានថ្កោលទោសយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង ឬចំពោះ ការផ្តល់គ្រឿងយុទ្ធោបករណ៍នោះ ដល់រុស្ស៊ី ដែលមិនមានការសង្ស័យថា នឹងត្រូវបានប្រើ ដើម្បីវាយប្រហារប្រជាជនអ៊ុយក្រែន ទីក្រុងអ៊ុយក្រែន ហើយនេះ គឺជាសង្គ្រាមខុសច្បាប់របស់ប្រទេសរុស្ស៊ី។
លោក Smith បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា កូរ៉េខាងជើង កំពុងស្វែងរកបច្ចេកវិទ្យាយោធាផ្សេងទៀតពីរុស្ស៊ីជាថ្នូរនឹងគ្រាប់រំសេវ។ បញ្ជីនៃគ្រឿងយុទ្ធោបករណ៍ដែលចង់បាន អាចរួមមានយន្តហោះចម្បាំង មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងឧបករណ៍ផលិតមីស៊ីលបាលិស្ទិក។