
សភារបស់ប្រទេសប៉ូឡូញ បានធ្វើការបោះឆ្នោតគាំទ្រសេចក្ដីសម្រេច ដែលស្វែងរកការកែប្រែ នៅក្នុងក្រុមប្រឹក្សាជាតិតុលាការ (NCJ) ខណៈដែលរដ្ឋាភិបាលថ្មីប្រឹងប្រែធ្វើរុះរើនូវកំណែទម្រង់របស់រដ្ឋបាលមុន ដែលអ្នករិះគន់និយាយថា ធ្វើនយោបាយលើប្រព័ន្ធតុលាការ។
ដោយសហភាពអឺរ៉ុប (EU) បានបង្កកថវិការាប់ពាន់លានអឺរ៉ូ ក្នុងមូលនិធិ ដែលត្រូវវបានរក្សាទុកសម្រាប់ប្រទេសប៉ូឡូញ ដោយសារមានការបារម្ភ ពាក់ព័ន្ធនឹងនីតិរដ្ឋ រដ្ឋាភិបាលចម្រុះថ្មី ដែលគាំទ្រសហភាពអឺរ៉ុប បានប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីជំរុញឲ្យមានកំណែទម្រង់ឡើងវិញ។
សេចក្ដីសម្រេចកាលពីថ្ងៃពុធ បានបញ្ជាក់ថា សេចក្ដីសម្រេចជាច្រើន ដែលបង្កើតផ្នែកនៃការកែប្រែប្រព័ន្ធតុលាការ ដោយគណបក្សជាតិនិយមច្បាប់ និងយុត្តិធម៌ (PiS) គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ ហើយបានអំពាវនាវឲ្យមាននូវអ្វី ដែលហៅថា សមាជិក ដែលត្រូវបានតែងតាំងដោយខុសច្បាប់របស់ NCJ លាលែងពីតំណែង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Adam Bodnar បានប្រាប់សភាថា៖ «សេចក្ដីសម្រេចនេះ មានអត្ថន័យជានិមិត្តរូប ដែលបង្ហាញថា យើងគ្រាន់តែមានបញ្ហារដ្ឋធម្មនុញ្ញជាមួយនឹងស្ថាប័នមួយ ដែលមានមុខងារដ៏សំខាន់»។
សេចក្ដីសម្រេចនេះត្រូវបានបោះឆ្នោតអនុម័ត ជាមួយនឹងសំឡេង ២៣៩ទល់នឹង១៦៩។ នៅក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីមានការអនុម័តលើសេចក្ដីសម្រេចនោះ NCJ បានលើកឡើងថា ការអនុម័តនោះ «បំផ្លាញការជឿទុកចិត្តលើស្ថាប័នរដ្ឋធម្មនុញ្ញ ធ្វើឲ្យខូចដល់សណ្តាប់ធ្នាប់ផ្លូវច្បាប់ និងផ្តួចផ្តើមឲ្យមានជម្លោះ ជាមួយនឹងសញ្ញាសម្គាល់នៃវិបត្តិរដ្ឋធម្មនុញ្ញ»៕