ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា ដើម្បីរក្សាទុក្ខជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបទបញ្ជាក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបិទសន្និបាតការងារបរិស្ថានឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ ដោយបានថ្លែងអំណរគុណដល់ប្រភពផ្សេងៗដែលបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិនេះ មកកាន់រាជរដ្ឋភិបាល ក៏ដូចជាសម្ដេចផ្ទាល់ ដើម្បីទទួលបានជាមូលដ្ឋានបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសទាន់ពេវេលា។
សម្ដេចធិបតីជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្តត្រូវចាត់វិធានការភ្លាមៗចំពោះបទល្មើសធនធានធម្មជាតិកុំរងចាំទាល់តែមានបទបញ្ជាប ឬគោលការណ៍ពីសម្ដេចបន្ថែមទើបអនុវត្តបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាននោះឱ្យសោះ។
សូមជម្រាបថា វិស័យបរិស្ថានកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ ដែលធ្វើឱ្យ សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន តាមរយៈការអនុម័តអនុសញ្ញាសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ, ជីវៈចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម, ការអនុវត្តបានល្អប្រសើរនូវបេសកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលធនធម្មជាតិសម្រាប់ធានាសន្តិសុខស្បៀង, សន្តិសុខទឹក, សន្តិសុខថាមពល, ការទ្រទ្រង់ជីវភាពប្រជាជន សម្រាប់រយៈពេលវែង និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព, ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន, យុទ្ធនាការលប់បំបាត់សំណល់ប្លាស្ទិក និង កែច្នៃសំណល់ទីប្រជុំជន, កសិដ្ឋាន, រោងចក្រសហគ្រាស និង អង្គភាពធុរកិច្ចផ្សេងៗទៀត ស្របតាមគោលការណ៍ ៤R និង សេដ្ឋកិច្ចចក្រា, គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍបៃតង និង ចីរភាព, ការអនុវត្តគោលនយោបាយការទូតបៃតង, ឥណទានកាបូន និង ការលើកកម្ពស់ហិរញ្ញប្បទានបៃតង ជាដើម ។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើមូលដ្ឋាន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដើម្បីកំណើន និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងកសាងភាពធន់នៃវិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្សនិងសង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕ អត្ថបទ៖វ៉ន ដារ៉ា



