
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) នេះ បានពណ៌នាថា ជារឿង «គួរឲ្យព្រួយបារម្ភ» ដែលឧប្បត្តិហេតុដែនសមុទ្រនាពេលថ្មីៗនេះ នៅសមុទ្រចិនខាងត្បូង មានពាក់ព័ន្ធជាមួយប្រមុខសេនាធិការយោធារបស់លោក។
ទីក្រុងម៉ានីល កាលពីដើមខែធ្នូ បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរសមុទ្រ និងកងជីវពលដែនសមុទ្រចិនថា បានប្រើកាណុងបាញ់ទឹកម្តងហើយម្តងទៀតទៅលើទូករបស់ខ្លួន អំឡុងពេលមានបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ ដែលបណ្តាលឲ្យ «ខូចខាតម៉ាស៊ីនធ្ងន់ធ្ងរ» របស់ទូកមួយគ្រឿង និងបុកមួយគ្រឿងទៀត «ដោយចេតនា»។ មេបញ្ជាកងទ័ពហ្វីលីពីន លោក Romeo Brawner បាននិយាយថា លោកនៅលើនាវា ដែលទាំងត្រូវបានបាញ់ដោយកាណុងបាញ់ទឹក និងបុក។
ពាក់ព័ន្ធនឹងការប៉ះទង្គិចនេះ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់ហ្វីលីពីនឲ្យដោះស្រាយតាមរយៈការសន្ទនានូវបញ្ហាធ្ងន់ធ្ងរនានា ក្នុងទំនាក់ទំនងរបស់ប្រទេសទាំង២ ជុំវិញសមុទ្រចិនខាងត្បូង ដោយព្រមានថា ការវាយតម្លៃខុសណាមួយ នឹងជំរុញឲ្យទីក្រុងប៉េកាំងការពារខ្លួន និង «ឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។
ទីក្រុងប៉េកាំង និងម៉ានីល បានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជុំវិញការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង៕