ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ជាមួយនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាម ខណៈក្រុមហាម៉ាស បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការបាញ់គ្រាប់រ៉ូកែតទៅលើទីក្រុង តែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែល ទោះបីជាភាគីជម្លោះទាំងពីរនេះបានចូលរួមក្នុងកិច្ចពិភាក្សាដ៏ម៉ឺងម៉ាត់បំផុតអស់ជាច្រើនសប្តាហ៍ស្តីពីបទឈប់បាញ់ថ្មីក៏ដោយ។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ស្ថិតក្នុងកម្រិតខ្លាំងបំផុតនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលការផ្ទុះពណ៌លឿងទុំអាចត្រូវបានគេមើលឃើញពីជុំវិញរបងក្នុងប្រទេសអ៊ីស្រាអែល នៅពេលព្រឹក។ អ្នកស្រុកបាននិយាយថា ក្រោយមក យន្តហោះអ៊ីស្រាអែលបានហោះគ្រហឹមលើតំបន់កណ្តាល និងភាគខាងត្បូង ដោយបានទម្លាក់គ្រាប់បែកដែលបញ្ចេញផ្សែងហុយចេញយ៉ាងក្រាស់ក្រែល។

នៅក្នុងរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែល តែលអាវីវ នេះស៊ីរ៉ែនបានបន្លឺឡើង ហើយគ្រាប់រ៉ូកែតបានផ្ទុះឡើងនៅពីលើអាកាស ដោយត្រូវស្ទាក់ចាប់ដោយប្រព័ន្ធការពាររបស់អ៊ីស្រាអែល។ គេហទំព័រព័ត៌មាន វ៉ាយណេត (Ynet) របស់អ៊ីស្រាអែលបាននិយាយថា កម្ទេចគ្រាប់រ៉ូកែតបានធ្លាក់ទៅលើសាលារៀនមួយ ប៉ុន្តែក្មេងៗទាំងនោះស្ថិតក្នុងជម្រកសុវត្ថិភាព ហើយមិនមានរបាយការណ៍ថាមានអ្នកស្លាប់ទេ។

កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ូកែតទាំងនោះជាការឆ្លើយតបទៅនឹងការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែល។ ប៉ុន្តែជាមួយនឹងមេដឹកនាំក្រុមអ៊ីស្លាមនិយមនេះកំពុងនៅទីក្រុងគែរ សម្រាប់កិច្ចចរចាបទឈប់បាញ់ ការវាយប្រហារហាក់ដូចជាបានកំណត់ពេលវេលាដើម្បីផ្ញើសារថា រយៈពេលជិត ១១សប្តាហ៍នៃសង្រ្គាមនេះ អ៊ីស្រាអែលបានបរាជ័យក្នុងការបំផ្លាញសមត្ថភាពវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសមួយនេះ៕
