ជនអន្តោប្រវេសន៍នៅប្រទេសម៉ិកស៊ិក បានប្រឈមទៅនឹងឧបសគ្គចុងក្រោយ ក្នុងផ្លូវរបស់ពួកគេចូលទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្លងកាត់តំបន់ព្រំដែនទឹកទន្លេ Rio Bravo ដែលរដ្ឋតិចសាស់ បានដាក់របងបន្លាលួស និងសីតុណ្ហភាពត្រជាក់ខ្លាំងពេលយប់ មុនពេលដាក់ពាក្យសុំសិទ្ធិជ្រកកោនរយៈពេលយូរ។

ទីក្រុង Eagle Pass និងទីក្រុង El Paso របស់រដ្ឋតិចសាស់ បានទទួលអ្នកចំណូលថ្មីរាប់ពាន់នាក់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈជនអន្តោប្រវេសន៍ រួមមានទាំងគ្រួសារ និងកុមារតូចៗជាច្រើននាក់ ធ្វើដំណើរទៅកាន់ព្រំដែនដោយរថយន្តក្រុង រថភ្លើងដឹកទំនិញ ដោយថ្មើរជើង និងដោយសារទោចក្រយាន។
នៅក្នុងទីក្រុង Eagle Pass ជនអន្តោប្រវេសន៍រាប់រយនាក់ បានរង់ចាំនៅខាងក្រៅច្រកទ្វារក្បែរទន្លេ ដោយមួយចំនួនដណ្តប់ភួយ ដែលត្រូវបានរៀបចំដោយមន្ត្រីព្រំដែនសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។
តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានរារាំងបណ្ដោះអាសន្នរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden មិនឲ្យបំផ្លាញរបងលួស ដែលត្រូវបានតម្លើងនៅលើដែនដីឯកជនតាមដងទន្លេ Rio Bravo ដោយឆ្មាំជាតិរបស់រដ្ឋតិចសាស់ ជាផ្នែកមួយនៃប្រតិបត្តិការ Lone Star ដើម្បីរារាំងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់៕
