សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់នូវ « ព្រែកជីកហ្វូនណន់តេជោ» គ្មានអ្វីអាថ៌កំបាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ ផ្ទុយទៅវិញការសាងសង់នូវគម្រោងនេះ នឹងធ្វើឲ្យសក្តានុពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការផ្លាស់ប្តូរនូវទំនិញតែម្តង។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី នាយករដ្ឋ មន្រ្តីបានលើកឡើងថា គ្មានហេតុផលណាមួយដែលត្រូវបានលាក់លៀមនោះទេ ចំពោះគម្រោងសាងសង់នូវផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណន់តេជោ» ខណៈគម្រោងនេះនឹងតភ្ជាប់ពីប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ ដើម្បីបម្រើដល់ការដឹកជញ្ជូននៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ។
សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គក្នុងវិមានសន្តិភាព។ គម្រោងដឹកជញ្ជូនទំនិញ និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជាមួយនេះនឹងត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក។
គម្រោង«ព្រែកជីកហ្វូណនតេជោ»នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់ចរន្តសេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម។ ដូច្នេះហើយគម្រោងនេះគ្មានអ្វីដែលត្រូវលាក់កំបាំងដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ៕អត្ថបទបាន ចក់