នៅក្នុងរយៈពេលបីឆ្នាំទៀត ពោលគឺក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរួច ជាជំហ៊ានទី១ហើយនោះ កម្ពុជាអាចឲ្យកប៉ាល់ផ្ទុកទំនិញគ្រប់ប្រភេទ មកពីបណ្តាប្រទេសនៅលើពិភពលោកចូលសំចតបានដោយគ្មានការព្រួយបារម្ភទៀតនោះឡើយ រួមទាំងកប៉ាល់ដែលដឹកទំនិញដែលមានទម្ងន់៦ម៉ឺនតោន ខណៈចប់ជាស្ថាពរនូវជំហ៊ានទី៣ទៀតនឹងអាចទទួលបាន១៦ម៉ឺនតោន។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះនៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្ឃឹមយ៉ាងម៉ុតមាំថា នៅឆ្នាំ២០២៩ខាងមុខនេះ សម្ដេចនឹងធ្វើឱ្យកំពង់ផែរបស់កម្ពុជា មានសមត្ថភាពអាចទទួលស្វាគមន៍កប៉ាល់គ្រប់ធន់ទាំងអស់ដែលដឹកទំនិញមកពីគ្រប់ប្រទេសមកកាន់កម្ពុជាដោយមិនឲ្យពួកគេទៅហួសមកហួសទៀតនោះឡើយ។
សូមបញ្ជាក់ថា ចំណតផែទឹកជ្រៅ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងសាងសង់ជំហ៊ានទី១នេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាមេរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ។ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ១,២៥លាន TEUs ក្នុងមួយឆ្នាំៗ។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុនតូអា ខបផើរសិន(TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផនខូអេ (Nippon Koei) និងក្រុមហ៊ុន OrientalConsultants Global។ បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្រុមហ៊ុន នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ពោលគឺនៅឆ្នាំ២០២៦៕អត្ថបទបាន ចក់