រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ៃម៉ុនដូ (Gina Raimondo) បានប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) នៅពេលត្រូវសាកសួរអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់ប្រធានាធិបតី ចូ បៃដិន (Joe Biden) ថាក្រុងប៉េកាំង នឹងបង្រួបបង្រួមកោះតៃវ៉ាន់ ជាមួយប្រទេសចិនឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន មិនឃើញមានការផ្លាស់ប្តូរណាមួយនៃសម្លេងរបស់ចិន លើកោះតៃវ៉ាន់ទេ ។

លោកស្រី រ៉ៃម៉ុនដូ បាននិយាយនៅក្នុងបទសម្ភាសន៍ CNBC ថា «ខ្ញុំមិនឃើញមានការផ្លាស់ប្តូរនោះទេ។ ខ្ញុំក៏នៅក្នុងកិច្ចប្រជុំនោះដែរ ហើយលោកប្រធានាធិបតី ស៊ី មិនបាននិយាយអ្វីមកកាន់ពួកយើង ដែលលោកមិនធ្លាប់បាននិយាយពីមុនមកនោះទេ»។
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិករូបនេះបានបន្ថែមថា «វាគឺជាការពិភាក្សាដ៏ល្អមួយរវាងមេដឹកនាំពិភពលោកទាំងពីរ។ ការពិភាក្សានោះជាការនិយាយដោយចំៗ ដោយវិជ្ជមាន និងដោយត្រង់ទៅត្រង់មក។ បញ្ហាកោះតៃវ៉ាន់ ក៏ត្រូវបានលើកមកពិភាក្សាដែរ ប៉ុន្តែមិនមានព័ត៌មានថ្មីទេ»។

លោក បៃដិន និងលោក ស៊ី បានព្រមព្រៀងគ្នាក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេដើម្បីបើកខ្សែទូរស័ព្ទបន្ទាន់របស់ប្រធានាធិបតី ហើយបន្តទំនាក់ទំនងរវាងយោធានិងយោធា ដោយបង្ហាញពីវឌ្ឍនភាពជាក់ស្តែងមួយចំនួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយនៅពេលនោះថា លោក ស៊ីi បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការបញ្ជូនអាវុធទៅកោះតៃវ៉ាន់ និងគាំទ្រដល់ «ការបង្រួបបង្រួម» ដោយសន្តិវិធីរបស់ចិនជាមួយតៃវ៉ាន់។
លោក បៃដិន បាននិយាយថា លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់សន្តិភាពនៅច្រកសមុទ្រកោះតៃវ៉ាន់។ មន្ត្រីអាមេរិកម្នាក់បានបន្ថែមថា លោក បៃដិន បានជំទាស់លើការបង្រួបបង្រួមនោះ ហើយឲ្យរក្សាស្ថានភាពដដែល និងឲ្យចិនគោរពដំណើរការបោះឆ្នោតរបស់កោះតៃវ៉ាន់៕