មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាប្រទេសសរុបជាង ២០ប្រទេស បានយល់ព្រមចូលរួមក្នុងក្រុមចម្រុះថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារចរាចរណ៍ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូទី របស់យេម៉ែន ខណៈដែលប្រទេសជាច្រើនទៀតចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

យ៉ាងណាក៏ដោយ តួលេខសរុបថ្មីរបស់មន្ទីរបញ្ចកោណនេះ និយាយថា យ៉ាងហោចណាស់ប្រទេសចំនួនប្រាំបី ដែលបានចុះឈ្មោះក្នុងក្រុមបប្រតិបត្តិការនេះ បានបដិសេធមិនបញ្ចេញឈ្មោះជាសាធារណៈ ដែលជាសញ្ញានៃភាពរសើបផ្នែកនយោបាយក្នុងប្រតិបត្តិការនេះ ខណៈដែលភាពតានតឹងក្នុងតំបន់កើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកឧត្តមសេនីយ៍ឯក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) បាននិយាយថា «ឥឡូវនេះ យើងមានប្រទេសជាង ២០ បានចុះហត្ថលេខាលើការចូលរួម» ដោយបញ្ជាក់ពីការប្រកាសរបស់ក្រិក និងអូស្ត្រាលី។ លោកបន្តថា អាមេរិកនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតចូលរួម ហើយពន្យារពេលឱ្យពួកគេពិភាក្សាអំពីការចូលរួមនេះ។

សហរដ្ឋអាមេរិកបានចាប់ផ្តើម «ប្រតិបត្តិការការពារភាពរុងរឿង» មួយនេះកាលពីពីរថ្ងៃមុនដោយនិយាយថា ប្រទេសជាងដប់បានយល់ព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលនឹងពាក់ព័ន្ធនឹងការល្បាតរួមគ្នានៅក្នុងដែនទឹកសមុទ្រក្រហមក្បែរប្រទេសយេម៉ែន។ វិបត្តិនៅសមុទ្រក្រហមបានរីកធំចេញពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស ដែលកំពុងកាន់អំណាច៕