រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវបានបញ្ចប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានទទូចម្តងហើយម្តងទៀតថា អាជ្ញាធរប៉ាឡេស្ទីន (PA) មិនអាចត្រឡប់ទៅតំបនហ្កាហ្សាវិញបានទេ ដោយសារតែអ្វីដែលលោកនិយាយថា គឺជាអំពើពុករលួយរបស់អង្គការនេះ និងការបរាជ័យក្នុងការថ្កោលទោសការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើអ៊ីស្រាអែលភាគខាងត្បូង។ ជំហររបស់លោកនេតាន់យ៉ាហ៊ូ បានធ្វើឲ្យលោកកាន់តែមានជម្លោះជាមួយរដ្ឋបាលរបស់ចូ បៃដិន ដែលបានចាប់ផ្តើមពិភាក្សារួចហើយជាមួយនឹងការដឹកនាំរបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែងអំពីតួនាទីក្រោយ សង្គ្រាមរបស់ខ្លួន។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងវិចារណកថាមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅគេហទំព័រ Elaph ដែលជាគេហទំព័រព័ត៌មានភាសាអារ៉ាប់គ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីត ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍។ មន្ត្រីមជ្ឈិមបូព៌ា បានប្រាប់សារព័ត៌មាន Semafor ថា ការដាក់ចុះផ្សាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងគេហទំព័រ Elaphនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទំនាក់ទំនងដោយផ្ទាល់ទៅ បណ្តារដ្ឋាភិបាលអារ៉ាប់ ដែលត្រូវបានគេរំពឹងថា នឹងដើរតួនាទីសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាបន្ទាប់ពីសង្គ្រាមត្រូវបញ្ចប់។