កូរ៉េខាងត្បូង៖ សម្ព័ន្ធភាពសកលសម្រាប់វ៉ាក់សាំង និងការចាក់វ៉ាក់សាំង (GAVI) និយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងសន្យាផ្តល់ថវិកាចំនួន ២០០លានដុល្លារអាមេរិកដល់កម្មវិធីវ៉ាក់សាំងរបស់មជ្ឈមណ្ឌល COVAX ដែលកំពុងផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់បណ្ដាប្រទេសមានប្រាក់ចំណូលទាប។

មជ្ឈមណ្ឌល COVAX ដែលគាំទ្រដោយសម្ព័ន្ធភាពសកល (GAVI) និងអង្គការសុខភាពពិភពលោក (WHO) មានគោលបំណងធានាបាននូវវ៉ាក់សាំងចំនួន ២ពាន់លានដូសនៅចុងឆ្នាំ ២០២១។ សេចក្ដីថ្លែងការណ៍របស់សម្ព័ន្ធភាពសកល (GAVI) និយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សាធារណរដ្ឋកូរ៉េសន្យាផ្តល់ការរួមចំណែកសរុបចំនួន ១០០លានដុល្លារអាមេរិកនៅឆ្នាំនេះ ហើយនៅឆ្នាំ២០២២ ចំនួន ១០០លានដុល្លារទៀតជាទម្រង់នៃការរួមបញ្ចូលគ្នានូវហិរញ្ញវត្ថុ និងជាការចូលរួមចំណែកដ៏ប្រសើរ។ ខណៈពេលដែលប្រទេសអ្នកមានដែលមានយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនយ៉ាងច្រើននោះ ពិភពលោកភាគច្រើននឹងនៅឆ្ងាយពីក្តីបារម្ភនៃរលកបន្ថែមទៀត ដែលអាចបង្កឡើងដោយវីរុសបំប្លែងថ្មី។
ទន្ទឹមនឹងនេះ មេដឹកនាំមកពីក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើន (G7) បានព្រមព្រៀងគ្នាកាលពីចុងសប្ដាហ៍មុន ក្នុងការសន្យាផ្តល់នូវវ៉ាក់សាំងចំនួន ៨៧០លានដូស ដោយមានគោលបំណងផ្តល់ឲ្យយ៉ាងហោចណាស់ពាក់កណ្ដាល នៃដូសវ៉ាក់សាំងនៅចុងឆ្នាំនេះ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានស្វាគមន៍ចំពោះការជួយផ្គត់ផ្គង់នេះ ប៉ុន្តែបាននិយាយថា ត្រូវការដូសវ៉ាក់សាំងជាច្រើនទៀតដែលចាំបាច់ និងឆាប់រហ័ស៕
អត្ថបទ៖ ប៊ុនថន