ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ ហាផេកឡយដ៍ (Hapag-Lloyd) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនឡូជីស្ទីកស៍ OOCL របស់ក្រុងហុងកុង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ថ្នូ) ថាពួកគេនឹងជៀសវាងដឹកជញ្ជូនតាមសមុទ្រក្រហម។

នោះជាក្រុមហ៊ុនដឹកជញ្ជូនចុងក្រោយបង្អស់ដែលធ្វើបែបនេះបន្ទាប់ពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូទី របស់ប្រទេសយេម៉ែន លើនាវាបានរំខានដល់ពាណិជ្ជកម្មពិភពលោកដែលជំរុញឱ្យមានការបង្កើតកងនាវាចរសន្តិសុខសមុទ្រក្រហម។
អរិភាពទាំងនោះបានរារាំងការឆ្លងកាត់របស់នាវាដឹកទំនិញតាមព្រែកជីកស៊ុយអេ ដែលគ្រប់គ្រងប្រហែល ១២% នៃពាណិជ្ជកម្មទូទាំងពិភពលោក។ ព្រែកជីកស៊ុយអេ មានសារៈសំខាន់បំផុតសម្រាប់បម្លាស់ទីទំនិញរវាងអាស៊ី និងអឺរ៉ុប ប៉ុន្តែនាយកប្រតិបត្តិផ្នែកភស្តុភារសកលបានព្រមានថា ការប្ដូរទិសនាវាឲ្យធ្វើដំណើរតាមផ្លូវទឹកផ្សេងទៀតអាចធ្វើឱ្យប៉ះពាល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល កាត់បន្ថយការបម្រុងទុកនៅកំពង់ផែ ព្រមទាំងកង្វះខាតនាវា កុងតឺន័រ និងឧបករណ៍ផ្សេងៗទៀត។

ក្រុមហ៊ុន Hapag-Lloyd បាននិយាយថា ខ្លួននឹងប្ដូរទិសធ្វើដំណើររបស់នាវាចំនួន ២៥គ្រឿងនៅចុងឆ្នាំនេះពីផ្លូវទឹកដ៏សំខាន់ ដោយសារអត្រាទំនិញ និងស្តុកដឹកជញ្ជូនបានកើនឡើងដោយសារតែការរំខាន។ ការជៀសវាងសមុទ្រក្រហម និងព្រែកជីកស៊ុយអេ មានន័យថាត្រូវនាវាទាំងនោះធ្វើដំណើរតាមផ្លូវវាងឆ្ងាយជាងនោះជុំវិញទ្វីបអាហ្រ្វិក។

សម្ព័ន្ធលក់គ្រឿងសង្ហារិមសកល IKEA ស្ថិតក្នុងចំណោមក្រុមដឹកជញ្ជូនផ្សេងទៀត ដែលព្រមានអំពីការពន្យារពេលដឹកទំនិញដែលអាចកើតមាន និងកង្វះផលិតផល។ ក្រុមអ្នកវិភាគបានព្រមានថាអ្នកលក់រាយមួយចំនួនអាចចាប់អស់ទំនិញមួយចំនួនត្រឹមខែកុម្ភៈឆ្នាំក្រោយនេះ៕