ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត ហ៊ីឡុងជាំង (Heilongjiang) ភាគឦសាននៃប្រទេសចិន បានបណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់ និងមនុស្ស ១៣នាក់រងរបួស។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កម្មករធ្យូងថ្មរងគ្រោះទាំងនោះបានជិះនៅក្នុងរទេះជីករ៉ែនៅក្រោមដីហើយធ្លាក់ចេញពីផ្លូវដែក។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃពុធនៅទីក្រុង ជីស៊ី (Jixi) ក្នុងខេត្ត ហ៊ីឡុងជាំង នៅឯអណ្តូងរ៉ែ គុនយ័ន (Kunyuan) ហើយត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសចិនបាននិងកំពុងធ្វើការដើម្បីកែលម្អសុវត្ថិភាពអណ្តូងរ៉ែ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ដែលកើតឡើងជាញឹកញាប់។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សបីនាក់បានស្លាប់ក្នុងឧបទ្ទវហេតុមួយក្នុងខេត្តផលិតធ្យូងថ្ម សានស៊ី (Shanxi) ប្រទេសចិន។
ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយករណីផ្សេងទៀតបានសម្លាប់មនុស្ស ១១នាក់នៅក្នុងខេត្ត សានស៊ី នេះកាលពីខែសីហា ហើយអគ្គិភ័យឆេះអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត គួយចូវ (Guizhou) ភាគខាងត្បូងប្រទេសចិនបានសម្លាប់មនុស្ស ១៦នាក់កាលពីខែកញ្ញា។ កាលពីខែមុន អគ្គិភ័យដ៏ធំមួយនៅឯអគារក្រុមហ៊ុនរុករករ៉ែធ្យូងថ្មក្នុងខេត្ត សានស៊ី បានសម្លាប់មនុស្ស ២៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕