ប្រភពការទូត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែធ្នូ ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្អាកការបោះឆ្នោតជាថ្មី សម្រាប់សេចក្តីសម្រេចដែលបានពន្យារពេលជាច្រើនដង ស្តីពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ការពន្យារពេលរហូតដល់ថ្ងៃសុក្រនេះ បានកើតឡើង ខណៈសហរដ្ឋអាមេរិក ដែលបានជំទាស់ទៅនឹងសំណើមួយចំនួនក្នុងអំឡុងពេលនៃសេចក្តីព្រាងសេចក្តីសម្រេច បាននិយាយថា ខ្លួនត្រៀមដើម្បីគាំទ្រសេចក្តីសម្រេច នៅក្នុងទម្រង់បច្ចុប្បន្ន។ បន្ទាប់ពីការពន្យារពេលជាច្រើនថ្ងៃ សេចក្តីព្រាងចុងក្រោយ ដែលត្រូវបានឃើញដោយសារព័ត៌មាន AFP អំពាវនាវឱ្យមាន «ចំណាត់ការបន្ទាន់ដើម្បីអនុញ្ញាតឱ្យផ្នែកមនុស្សធម៌ចូលមកដោយសុវត្ថិភាព និងគ្មានការរារាំង ហើយថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពដោយនិរន្តរភាព។ ប៉ុន្តែសេចក្តីសម្រេច មិនបានអំពាវនាវឲ្យមានការបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗនោះទេ។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើសេចក្តីសម្រេចនេះត្រូវបន្តទៅមុខ នោះយើងអាចគាំទ្រវាបាន»។ លោកស្រី បានបដិសេធថា សេចក្តីព្រាងសេចក្តីសម្រេចនេះមិនត្រូវបានដកចេញនោះទេ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ គឺជាដំណោះស្រាយដ៏រឹងមាំ ដែលត្រូវបានគាំទ្រយ៉ាងពេញលេញដោយក្រុមប្រទេសអារ៉ាប់។ ជម្លោះការទូត នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង Manhattan បានបណ្តាលឱ្យការបោះឆ្នោត ត្រូវពន្យារពេលជាច្រើនដងក្នុងសប្តាហ៍នេះ ដែលបានប្រឆាំងទៅនឹងរូបភាពនៅខាងក្រោយនៃស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សា ហើយបណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើង។ លោក Richard Gowan អ្នកវិភាគមកពី អង្គការ ក្រុមវិបត្តិអន្តរជាតិ(International Crisis Group) បាននិយាយថា វាហាក់ដូចជា សហរដ្ឋអាមេរិកបានទាញយកផលប្រយោជន៍ពេញលេញពីបំណងប្រាថ្នារបស់សមាជិកក្រុមប្រឹក្សាផ្សេងទៀត ដើម្បីបញ្ចៀសការប្រើសិទ្ធិវ៉េតូ។