UN៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្របានតែងតាំងលោក Antonio Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់អាណត្តិទី២ ក្នុងរយៈពេល ៥ឆ្នាំដោយចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ប្រធានសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ លោក Volkan Bozkir បានប្រកាសការតែងតាំងនេះជាផ្លូវការក្នុងមហាសន្និបាត។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីការតែងតាំង លោក Guterres និយាយថា លោកនឹងទទួលយកការទទួលខុសត្រូវក្នុងការបម្រើការ ជាអគ្គលេខាធិការក្នុងអាណត្តិទី២ ជាមួយនឹងការអរគុណ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយគ្នា ដើម្បីជំរុញធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងពិធីស្បថចូលកាន់តំណែងនៅសាលមហាសន្និបាត លោក Guterres បាននិយាយថា ខ្ញុំដឹងច្បាស់អំពីទំនួលខុសត្រូវធំធេង ដែលអ្នកបានប្រគល់ដល់ខ្ញុំនៅគ្រាលំបាកក្នុងប្រវត្តិសាស្ត្រ។ យើងកំពុងស្ថិតនៅផ្លូវលើបំបែក ហើយមានជម្រើសជាច្រើននៅពីមុខយើង។ ដោយបញ្ជាក់ពីការរីករាលដាលវីរុស Covid-19 បានបង្ហាញពីតម្រូវការដាច់ខាតសម្រាប់សកម្មភាពសមូហភាព លោក Guterres បានសន្យាថា នឹងបន្តជួយដល់ការរៀបចំផែនការពិភពលោកឱ្យរួចផុតពីរោគរាតត្បាត។
អ្នកនយោបាយជនជាតិព័រទុយហ្កាល់អាយុ ៧២ឆ្នាំរូបនេះបានកាន់តំណែងជាប្រធានអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០១៧។ អាណត្តិទី២ របស់លោកក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិទី៩ នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរដល់ប្រមុខអង្គការសហប្រជាជាតិ និងប្រធានាធិបតីព័រទុយ ហ្កាល់ លោក Marcelo Rebelo de Sousa ជុំវិញការជាប់ឆ្នោតជាថ្មីរបស់លោក Guterres។ នៅក្នុងសារលោក Xi បាននិយាយថា ក្នុងនាមជាអង្គការអន្តរជាតិ អន្តររដ្ឋាភិបាលដែលមានលក្ខណៈជាអ្នកតំណាង និងជាអ្នកផ្តល់សិទ្ធិអំណាចបំផុត អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ៕
អត្ថបទ៖ ប៊ុនថន