យានដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ី បានធ្លាក់ទៅលើទីក្រុងគីវ នៅព្រឹកថ្ងៃសុក្រ (២២ ធ្នូ) នេះដោយអភិបាលក្រុង លោក វីតាលី គ្លីតស៍ឆ្កូ (Vitali Klitschko) និងក្រុមមន្ត្រីផ្សេងទៀតរាយការណ៍ពីការវាយប្រហារទៅលើតំបន់លំនៅដ្ឋានដាច់ដោយឡែកពីគ្នា។ នេះជាការវាយប្រហារដោយដ្រូនលើកទីប្រាំមួយលើរដ្ឋធានីក្នុងខែនេះ ហើយមនុស្សពីរនាក់បានរងរបួស។

លោក គ្លីតស៍ឆ្កូ បានសរសេរនៅលើកម្មវិធីផ្ញើសារតេឡេក្រាម បាននិយាយថា យានដ្រូនទាំងនោះបានហោះបុកប្លុកផ្ទះល្វែងមួយនៅក្នុងសង្កាត់ សូឡូមយ៉ានស្គី (Solomyanskyi) ភាគខាងត្បូងនៃតំបន់កណ្តាលក្រុង ដោយបង្កឱ្យមានអគ្គិភ័យឆេះនៅជាន់ខាងលើ ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័ស។

សេវាកម្មសង្គ្រោះបន្ទាន់ បានសរសេរនៅលើបណ្ដាញតេឡេក្រាមថា ផ្នែកជាច្រើនត្រូវបានខូចខាតនៅថ្ងៃទីជាន់ទី២៤ ទី២៥ និងទី២៦ នៃអគារលំនៅឋាននោះ។

មនុស្សពីរនាក់បានរងរបួសក្នុងនោះមានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយការជូនដំណឹងពីការវាយប្រហារតាមអាកាសក្រោយមកត្រូវបានដកចេញនៅស្ទើរគ្រប់តំបន់៕