សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យជប៉ុនជួយកម្ពុជារៀបចំផែនការមេ ប្រែក្លាយតំបន់កំពង់ផែខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់ ខណៈក្រោយបញ្ចប់គម្រោងសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ កំណើនទំនិញនៅតាមផ្លូវទឹកនៅកំពង់ផែខេត្តព្រះសីហនុ នឹងមានកំណើនកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រនេះនឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs ក្នុង១ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ២៥០ ០០០ TEUs ក្នុង១ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ ដូច្នេះកំណើននេះទាមទារឱ្យកម្ពុជាត្រូវរៀបចំផែនការមេឱ្យបានរួចរាល់ ជាមុនសម្រាប់ការទទួលកំណើនទំនិញចូលមកកម្ពុជា តាមរយៈកុងតឺន័រនាពេលខាងមុខ។
សូមជម្រាបថា នាថ្ងៃអនាគតកម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០៕អត្ថបទ/ វ៉ន ដារ៉ា