ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយសមាគម អ្នកនាំចូលកូរ៉េ (KITA) រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ លើកទី២ ដែលមានអ្នកចូលរួមជាង ២០០ នាក់ មកពីក្រុមហ៊ុននានា និងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគម សហ គ្រិនវ័យក្មេងកម្ពុជា និងសមាគមអ្នកនាំចូលកូរ៉េ ។

វេទិកានេះធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ឱកាសវិនិយោគ រវាងកម្ពុជា-កូរ៉េ តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ ល្អៗ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការវិនិយោគ ក៏ដូចជាបង្ក បរិយាកាសក្នុងការបង្កើតដៃគូថ្មីៗ សម្រាប់អ្នកវិនិយោគ នៃប្រទេសទាំងពីរ ។

ក្នុងវេទិកានោះ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ មានប្រសាសន៍ថា ប្រទេសកម្ពុជា និងប្រទេសកូរ៉េ រក្សាបាននូវទំនាក់ទំនងដ៏ល្អ ដែលកើត ចេញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ។
លោកជំទាវបានបន្តថា ជាក់ស្ដែងភាគីទាំងពីរ មានយន្ដការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដូចជាកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ កិច្ចព្រមព្រៀងស្ដីពី ការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្របពេលដែលប្រទេសទាំងពីរ ជាសមាជិកនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-កូរ៉េ ហើយយន្តការទាំងអស់នេះ បាននិងកំពុងជំរុញ កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ ។

លោកជំទាវឯកអគ្គរាជទូត បានបន្ថែមថា យន្ដការផ្នែកច្បាប់ ដូចជាច្បាប់វិនិយោគថ្មី របស់កម្ពុជា អនុក្រឹត្យ និងបទដ្ឋានគតិយុត្តិផ្សេងៗរបស់កម្ពុជា បានបង្កលក្ខណៈអំណោយផល និងបង្កើតឱកាសកាន់តែច្រើនដល់អ្នកវិនិយោគ ។
ក្នុងឱកាសនោះ លោក MARN Ki-jeong អនុប្រធានប្រតិបត្តិនៃសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងថា កម្ពុជា ជាប្រទេសដែលមានសក្ដានុពល ដោយអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់ ៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលប្រទេសនេះ ស្ថិតនៅក្នុងភូមិសាស្ដ្រ ដែលអាចតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ក្នុងវេទិកានេះ មានការធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធផងដែរ អំពីស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា គោលនយោបាយឌីជីថលូបនីយកម្ម និងឧស្សាហូបនីយកម្ម ច្បាប់ការងារ ច្បាប់វិនិយោគ និងកត្តាអំណោយផលនានា ដែលគាំពារ និងគាំទ្រដល់ការ វិនិយោគ៕ អត្ថបទ៖ បាន សុខរិទ្ធិ






