សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡារបស់កម្ពុជា ខណៈត្រឹមរយៈពេលជាង ៣ ខែនេះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីមិត្តជប៉ុន ដែលនេះក៏ជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយបានបានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញមកបើកការដ្ឋានសាងសង់ផែទឹកជ្រៅជំហានទី១ និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ទំនិញពីរគ្រឿង។
ក្នុងឱកាសនេះសម្ដេចធិបតីបាននាំការផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយសាងសង់ផែ និងផ្តល់គ្រឿងចក្រលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាបានគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ផ្លូវ ស្ពាន ជាច្រើននាពេលកន្លងមកនេះ។
សូមជម្រាបថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនៃកម្ពុជា តាមរយៈជំនួបកំពូលទ្វេភាគីជាមួយឯកឧត្តម គីស៊ីដា ហ៊ឺមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសនេះ «កម្ពុជា និងជប៉ុនប្ដេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សម្ដេចធិបតី ក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីចំនួន ៣ របស់ជប៉ុន ដែលរួមមាន «ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់» «ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម» និង «ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព»៕អត្ថបទ៖ វ៉ន ដារ៉ា