ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាទៅដល់សាខាកាកបាទក្រហមកម្ពុជាចំនួន៣ខេត្តរួមមាន៖ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ នេះបើការតាមការបញ្ជាក់ពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន BTV នៅព្រឹកថ្ងៃទី១៤ តុលានេះ។
លោកជំទាវ មានប្រសាសន៍បន្តថា ថវិកាដែលត្រូវបែងចែកទៅដល់សាខាកាកបាទក្រហមកម្ពុជា ទាំងបីខេត្តនោះ ក្នុងមួយសាខាទទួលបានថវិកា ១០០លានរៀល ដើម្បីទិញស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយគ្រួសាររងគ្រោះនីមួយៗទទួលបានអង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ទន្ទឹមនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានចាត់មន្ត្រីថ្នាក់កណ្តាល ចុះទៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលជាទីតាំងដែលអាចធ្វើដំណើរតាមរថយន្តទៅបាន ដោយឡែក ខេត្តបាត់ដំបង បានប្រគល់ភារកិច្ចជូនទៅ ឯកឧត្តម ប៊ុត គឹមសៀន អភិបាលរងខេត្ត និងជាប្រធានគណកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីចាត់ចែងផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង៕

