ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតចាប់ពីបើកសម្ភោធការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន គិតចាប់ពីខែតុលា ឆ្នាំ២០២២ រហូតដល់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣កម្ពុជាបាននាំចេញផ្លែមៀនស្រស់ប្រមាណ ១៦,៣៣២ តោន ទៅកាន់ប្រទេសចិន។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ប្រាប់ទូរទស្សន៍ ប៊ីធីវី នៅថ្ងៃទី២២ ខែធ្នូនេះ ថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១៣,៣៩០ តោន គិតជាទឹកប្រាក់ចំនួន ១៨,៩៦០,៤០៩ ដុល្លារអាមេរិក (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ។
ឯកឧត្តមបានឲ្យដឹងថា ចាប់តាំងពីការប្រមូលផលដំណាំមៀននៅខែកញ្ញា តាមការប៉ាន់ស្មាន ក្នុងឆ្នាំ២០២៣ មានបរិមាណ (បូកទាំងមៀនប៉ៃលិន)ប្រមាណជាង ១៨២,០០០ តោន ច្រើនជាងចំនួនជាង ៥៥,០០០ តោន បើធៀបនឹងឆ្នាំ២០២២ ខណៈទោះបីជាមានឥទ្ធិពលនៃការបម្រែបម្រួលអាកាសធាតុបណ្តាលឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅតំបន់ខ្លះក្នុងខេត្តបាត់ដំបងក៏ដោយ។
ឯកឧត្តម បានបន្តថា ការប្រមូលទិញផ្លែមៀនពីកសិករធ្វើឡើងក្នុង៣សប្តាហ៍ដំបូងនៃខែកញ្ញា មានតម្លៃ ៣,៦០០ រៀល ក្នុង១គីឡូ។ ប៉ុន្តែចាប់ពីសប្តាហ៍ទី៤ នៃខែកញ្ញា រហូតដល់ខែវិច្ឆិកា តម្លៃបានធ្លាក់ចុះនៅត្រឹម ២,៦០០ រៀល ក្នុង១គីឡូ។ ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ២០២៣នេះ តម្លៃមានការកើនឡើងបន្តិច គឺការប្រមូលទិញពីកសិករក្នុងតម្លៃ ៣,០០០ ទៅ ៣,៦០០រៀល ក្នុង១គីឡូ។ សម្រាប់ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាប្រមូលទិញពីកសិករ គឺមានតម្លៃថេរ ៣,៦០០រៀល ក្នុង១គីឡូ។
ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា យោងតាមព័ត៌មានពីក្រុមហ៊ុននាំចេញបានឱ្យដឹងថា តម្លៃលក់នៅប្រទេសចិន បានធ្លាក់ចុះប្រមាណ ៤០% បើធៀបទៅនឹងឆ្នាំ២០២២។
សូមជម្រាបជូនថា ការនាំចេញផ្លែមៀនស្រស់ គិតចាប់ពីឆ្នាំ២០២២ រហូតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២៣ មានចំនួន ១៦ ៦២២,០៦តោន ក្នុងនោះប្រទេសចិនចំនួន ១៦ ៣៣២,៦៣តោន , ប្រទេសវៀតណាមចំនួន ២៨៩,៤០តោន និងទីក្រុងហុងកុងចំនួន ០,០៣តោន៕
អត្ថបទ៖ ឈិត បូរ៉ាវី




