កម្ពុជានឹងរៀបចំកម្មវិធីប្រកួតប្រជែងការសរសេរតាមអានជាសាធារណៈលើកដំបូងដែលមានឈ្មោះថា «សំណេរអង្គរ» នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីបំផុសចលនាមហាជនឱ្យចាប់អារម្មណ៍លើការសរសេរអក្សរសាស្រ្តខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។
បញ្ញវន្តមួយក្រុមដែលជាអ្នកស្រលាញ់វិស័យអក្សរសាស្រ្តខ្មែរ បានសហការគ្នាផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈដោយដាក់ឈ្មោះថា «សំណេរអង្គរ» ដើម្បីទាញចំណាប់អារម្មណ៍សាធារណជន ជាពិសេសកូនខ្មែរគ្រប់រូប ត្រូវរួមគ្នាថែរក្សា ការពារ និងលើកកម្ពស់វិស័យអក្សរសាស្រ្តខ្មែរ តាមរយៈការសរសេរ និងប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរឱ្យបានត្រឹមត្រូវ ជៀសវាងការសរសេរដោយប្រថុយប្រថានមិនដឹងពាក្យណាខុស ពាក្យណាត្រូវ ដែលអាចធ្វើឱ្យអក្សរសាស្រ្តខ្មែរធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ខ្មែរ។

ឯកឧត្តម លឹម ប៊ុនហុក អ្នករៀបចំកម្មវិធី «សំណេរអង្គរ» បានលើកឡើងថា ក្រៅពីការបំផុសចលនាមហាជនឱ្យស្រលាញ់ និងលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ តាមរយៈកម្មវិធីប្រកួតសរសេរតាមអានជាសាធារណៈនេះ ក៏នឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្ដានុពលទេចរណ៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។
សូមជម្រាបជូនថា ការប្រកួតសរសេរតាមអានជាសាធារណៈលើកទី១នៅកម្ពុជា «សំណេរអង្គរ» នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទៅ ២១ ខែមករា ឆ្នាំ២០២៣ រៀបចំធ្វើនៅស្ពានហាល ច្រកចូលខាងលិចប្រាសាទអង្គរវត្ត ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញកាលពីពេលថ្មីៗ កន្លងទៅនេះ។
កម្មវិធីសំណេរអង្គរផ្ដល់ឱកាសឱ្យសាធារណជនគ្រប់ស្រទាប់វណ្ណៈអាចចុះឈ្មោះចូលរួមប្រកួតប្រជែងសរសេរបាន មិនប្រកាន់ភេទ និងអាយុឡើយ។ កម្មវិធីសំណេរអង្គរនេះ ទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ចំពោះជ័យលាភីលេខ១ និងទទួលបានថវិកា ១លាន ២សែនរៀល និងការស្នាក់នៅសណ្ឋាគារផ្កាយប្រាំ ៣យប់ , ជ័យលាភីលេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ និងជ័យលាភីលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល និងស្នាក់នៅសណ្ឋាគារផ្កាបី ៣យប់ ព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀត៕ អត្ថបទ៖ ចេន សុភានាថ
