លទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ជាលើកដំបូង ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។
ដំណើរការកំណែក៏ដូចជាការស្រង់ពិន្ទុ នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវបានបិទបញ្ចប់រួចរាល់។ ជាលទ្ធផលបង្ហាញថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ទាំង ២៥០រូប គឺមានស្ត្រីចំនួន ៩៤នាក់។
ឈ្មោះបេក្ខជន ដែលប្រឡងជាប់ទាំង ២៥០ រូប គឺផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ នៅលើទំព័រហ្វេសប៊ុករបស់ ក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងទំព័រហ្វេសប៊ុករបស់ភាគីពាក់ព័ន្ធ។ លទ្ធផលក៏មានការបិទបង្ហាញផ្ទាល់ នៅក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម និងនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។

ចំពោះការប្រកាសលទ្ធផលនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកឡើងថា បេក្ខជនដែលប្រឡងជាប់ គឺឆ្លងកាត់ការចម្រាញ់ជាច្រើនដំណាក់កាល ហើយពួកគេ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលបន្ថែមទៀតពីក្រសួងកសិកម្មផងដែរ ដើម្បីបំពេញការងារជូនប្រជាកសិករឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបន្ថែមដែរថា ក្រៅបេក្ខជនដែលជាប់ជាស្ថាពរ ក៏មានការជ្រើសរើសបេក្ខជន ដែលជាប់បម្រុងផងដែរ។ បេក្ខជនជាប់បម្រុង គឺកំណត់ចំនួន ១០នាក់ក្នុងមួយស្រុក ហើយពួកគេអាចជំនួសបេក្ខជនជាប់ជាស្ថាពរក្នុងករណីណាមួយកើតឡើង។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្ត ចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ កុំបាក់ចិត្ត និងមិនត្រូវបោះបង់នោះទេ។ ឯកឧត្តមលើកឡើងថា បេក្ខជនអាចចូលរួមប្រឡងជាមន្ត្រីកសិកម្មឃុំនៅឆ្នាំក្រោយបន្តទៀត ព្រោះរាជរដ្ឋាភិបាលត្រូវការមន្ត្រីកសិកម្មឃុំជាង ១០០០ នាក់បន្ថែមទៀតឯណោះ៕ អត្ថបទ៖ គឹម ហុក


















