
ស្ថាប័នមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាមនុស្សចំនួន ២,៣លាននាក់ ដែលជាចំនួនប្រជាជនទាំងមូលនៃតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមនឹងកម្រិតនៃវិបត្តិនៃភាពអត់ឃ្លាន ហើយហានិភ័យនៃគ្រោះទុរភិក្សកំពុងកើនឡើងជារៀងរាល់ថ្ងៃ នៅពេលដែលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស កាន់តែអូសបន្លាយ។
នោះធ្វើឱ្យសមាមាត្រនៃក្រុមគ្រួសារនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ កំពុងជួបមានវិបត្តិអត់ឃ្លាន ឬទទួលរងពីកម្រិតអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារដាក់បញ្ចូលដំណាក់កាលសន្តិសុខស្បៀង (IPC)។
ស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំមួយកាលពីថ្ងៃទី០៧ ខែតុលា ជាមួយនឹងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការវាយលុកជើងគោកដោយបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់តំបន់ហ៊ុមព័ទ្ធនេះចាប់តាំងពីពេលនោះមក ដើម្បីឆ្លើយតបទៅនឹងការតក់ស្លុតដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធនៃក្រុមហាម៉ាស ដែលកំពុងកាន់អំណាចនៅហ្កាហ្សា។
រថយន្តដឹកជំនួយជាច្រើនគ្រឿងពីប្រទេសអេហ្ស៊ីប បានដឹកជញ្ជូនអាហារ ទឹក និងថ្នាំមួយចំនួន ប៉ុន្តែអង្គការសហប្រជាជាតិនិយាយថា បរិមាណអាហារជំនួយនោះគឺត្រឹមតែ ១០% នៃតម្រូវការសម្រាប់ប្រជាជនក្នុងទឹកដីនេះ ដែលភាគច្រើនត្រូវបានផ្លាស់ទីលំនៅ៕