
រយៈពេលមិនដល់៥ខែផង បន្ទាប់ពីប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ត្រូវបានទម្លាក់ពីតំណែង នៅក្នុងរដ្ឋប្រហារ អតីតមហាអំណាចអាណានិគមបារាំង កំពុងដកកងទ័ព ដែលនៅសេសសល់ចុងក្រោយដែលខ្លួនបានដាក់ពង្រាយទៅកាន់រដ្ឋអាហ្រ្វិកខាងលិច ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលគំរាមកំហែង ស្ថិរភាពនៅទូទាំងតំបន់នេះ។
ទំនាក់ទំនងជាមួយទីក្រុងប៉ារីស គឺស្ថិតនៅកម្រិតទាប ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itté បានចាកចេញកាលពីខែកញ្ញាតាមការទទូចរបស់របបយោធា ខណៈដែលសហភាពអឺរ៉ុប (EU) ក៏ត្រូវបានគេមើលងាយ។
របបយោធា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Abdourahmane Tchiani បានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀង ដែលក្រុមអ្នកឯកទេសសហភាពអឺរ៉ុប បានបណ្តុះបណ្តាលកងកម្លាំងសន្តិសុខរបស់នីហ្សេ អស់រយៈពេលជាច្រើនឆ្នាំ។
លោក Bazoum បានចាត់ទុកប្រទេសបារាំងជាដៃគូយោធាដ៏សំខាន់។ នៅពេលដែលកងទ័ពបារាំង និងកងកម្លាំងពិសេសអឺរ៉ុបផ្សេងទៀត បានដកខ្លួនចេញពីប្រទេសម៉ាលី ក្នុងឆ្នាំ ២០២២ លោកបានស្នើឲ្យពួកគេ ដាក់ពង្រាយឡើងវិញទៅកាន់តំបន់ព្រំដែនភាគខាងលិចដ៏ផុយស្រួយរបស់នីហ្សេដែលញាំញីដោយការវាយប្រហារពីក្រុមជីហាដ ជាកន្លែងដែលពួកគេ ប្រតិបត្តិការ ក្រោមការបញ្ជារបស់ប្រទេសនីហ្សេ។
ប៉ុន្តែបន្ទាប់ពីការថ្កោលទោសយ៉ាងខ្លាំងរបស់លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ចំពោះរដ្ឋប្រហារ នៅថ្ងៃទី២៦ ខែកក្កដា និងការគាំទ្រសាធារណៈរបស់ខ្លួនចំពោះលោក Bazoum ដែលនៅតែត្រូវបានឃុំខ្លួន នៅក្នុងនិវេសនដ្ឋានប្រធានាធិបតីរបស់គាត់ ក្រុមមេដឹកនាំយោធាថ្មីរបស់នីហ្សេ បានជ្រើសរើសការផ្លាស់ប្តូរគោលនយោបាយ ដោយទាមទារឲ្យបារាំងដកខ្លួនចេញ។
ភាគច្រើននៃទាហានចំនួន ១.៥០០ នាក់ បានចាកចេញ ចាប់តាំងពីពេលនោះមក ហើយ ១៥៧នាក់ទៀត នឹងចាកចេញ នៅថ្ងៃសៅរ៍។