
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះ និងអគ្គិភ័យនៅស្ថានីយប្រេងមួយក្នុងរដ្ឋធានី កូណាគ្រី (Conakry) របស់ប្រទេសហ្គីណេ បានកើនឡើងដល់ ២៣នាក់ ហើយចំនួនអ្នករងរបួសបានកើនឡើងដល់ ២៤១នាក់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា សាកសពមនុស្ស ១០នាក់ នៅតែកំពុងកំណត់អត្តសញ្ញាណ ដោយបន្ថែមថា រដ្ឋាភិបាលបានទទួលរបាយការណ៍អំពីមនុស្សមួយចំនួនដែលនៅបាត់ខ្លួននៅឡើយ។
ការផ្ទុះនៅស្ថានីយប្រេងសំខាន់របស់ប្រទេសអាហ្រ្វិកខាងលិច ដែលគ្រប់គ្រងការនាំចូលឥន្ធនៈទូទាំងប្រទេសមួយនេះ បានបង្កឱ្យមានការភ័យខ្លាចនៃការខ្វះខាត។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចែកចាយប្រេងសាំងកំពុងបន្តនៅទូទាំងប្រទេស។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ មនុស្សម្នាកំពុងតម្រង់ជួរជាច្រើនម៉ោង ដោយសារកង្វះខាតប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនបានកើនឡើង។ ប្រទេសហ្គីណេ មិនមែនជាប្រទេសផលិតប្រេងទេ ហើយពឹងផ្អែកលើការនាំចូលផលិតផលចម្រាញ់ ដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងស្ថានីយ កាលូម (Kaloum) មួយនេះនិងចែកចាយតាមរថយន្តដឹកទំនិញទូទាំងប្រទេស៕