
សេវាសារព័ត៌មានរបស់ការិយាល័យប្រធានាធិបតី បាននិយាយថា ប្រទេសអ៊ុយក្រែន និងអាល្លឺម៉ង់ បានបើកការពិភាក្សាជុំទី៤ស្តីពីការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី ដើម្បីផ្តល់ការធានាសន្តិសុខដល់ទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍។
ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើធាតុផ្សំសំខាន់ៗនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដោយលើកឡើងពីបញ្ហាព្រំដែនផ្លូវច្បាប់នៃកិច្ចព្រមព្រៀងទ្វេភាគី នាពេលអនាគត និងបានឯកភាពលើផែនការសម្រាប់ទំនាក់ទំនងបន្ថែមទៀត។
លោក Ihor Zhovkva ប្រធានក្រុមចរចាអ៊ុយក្រែនបានថ្លែងថា អាល្លឺម៉ង់បង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន «ជាពិសេសទាក់ទងនឹងការបន្តជំនួយទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤។
លោកបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ និង លោកអធិការបតី អូឡាហ្វ សូល (Olaf Scholz) សម្រាប់តួនាទីដ៏សំខាន់របស់ពួកគេ នៅក្នុងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប ក្នុងការចាប់ផ្តើមការចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។
លោក Zhovkva បាននិយាយថា៖«រដ្ឋរបស់អ្នកដែលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ គឺជាអ្នកធានាចំពោះសន្តិសុខដែលមិនអាចខ្វះបាន និងអនាគតរបស់អ៊ុយក្រែន នៅក្នុងស្ថាប័នទាំងនេះ»។