
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) បាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា នឹងមិនបញ្ឈប់ជាដាច់ខាត ដរាបណាមិនសម្រេចបានគោលដៅរបស់ខ្លួនទេនោះ។
លោក Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនឹងប្រយុទ្ធ រហូតទាល់តែក្រុមហាម៉ាស ត្រូវបានកម្ទេច និងរហូតដល់ចំណាប់ថ្នូរនៅសេសសល់ទាំងអស់ ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះ កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានដោះលែង។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយចំនួនរបស់អ៊ីស្រាអែល ក្នុងសង្គ្រាម ដែលកំពុងបន្តមាន។
ហើយក្រុមហាម៉ាស ក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការបាញ់គ្រាប់រ៉ុក្កែត ដែលមានចម្ងាយរហូតដល់ទីក្រុង Tel Aviv ទោះបីជាភាគីទាំង២ បានចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់បំផុត អស់ជាច្រើនសប្តាហ៍ស្តីពីបទឈប់បាញ់ថ្មីក៏ដោយ៕