
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិក និងអឺរ៉ុប បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងផ្តល់សញ្ញាស្ងាត់ៗនូវការគាំទ្រថ្មី ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីជាង ៣០០ពាន់លានដុល្លារ ដែលទុកនៅក្នុងបណ្តាប្រទេសលោកខាងលិច ហើយបានចាប់ផ្តើមកិច្ចពិភាក្សាបន្ទាន់ជាមួយសម្ព័ន្ធមិត្ត អំពីការប្រើប្រាស់មូលនិធិនេះ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ប្រទេសអ៊ុយក្រែន នៅពេលដែលការផ្ដល់មូលនិធិ កំពុងធ្លាក់ចុះបន្តិចម្ដងៗ។
យ៉ាងណាក្ដី រហូតមកដល់ពេលថ្មីៗនេះ រដ្ឋលេខាធិការរតនាគារជាតិ លោកស្រី Janet Yellen បានជំទាស់តវ៉ាថា បើគ្មានវិធាការពីសភាទេនោះ ការរឹបអូសយកមូលនិធិនេះ គឺ «មិនមែនជាអ្វី ដែលអាចអនុញ្ញាតបានដោយស្របច្បាប់នៅសហរដ្ឋអាមេរិកនោះឡើយ»។ ហើយក៏មានការព្រួយបារម្ភក្នុងចំណោមមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនថា ប្រជាជាតិជុំវិញពិភពលោក នឹងស្ទាក់ស្ទើរក្នុងការរក្សាមូលនិធិរបស់ពួកគេ នៅធនាគារកណ្តាលរបស់ទីក្រុងញូវយ៉ក ឬគិតជាប្រាក់ដុល្លារ ប្រសិនបើសហរដ្ឋអាមេរិកបង្កើតគំរូសម្រាប់ការរឹបអូសយកប្រាក់នោះ។
ប៉ុន្តែរដ្ឋបាល ដោយមានការសម្របសម្រួលជាមួយក្រុមប្រទេសឧស្សាហកម្មចំនួន៧ (G-7) បានចាប់ផ្តើមពិនិត្យមើលម្ដងទៀតថា តើខ្លួនអាចប្រើប្រាស់សិទ្ធិអំណាចដែលមានស្រាប់របស់ខ្លួនបាន ឬថា តើគួរតែស្វែងរកវិធានការពីសភា ដើម្បីប្រើប្រាស់មូលនិធិ ឬយ៉ាងណា។ ការគាំទ្រសម្រាប់ច្បាប់បែបនេះ ត្រូវបានបង្កើតឡើងនៅក្នុងសភា ដោយធ្វើរដ្ឋបាលរបស់លោក Biden មានសុទិដ្ឋិនិយមថា ខ្លួនអាចត្រូវបានផ្តល់សិទ្ធិអំណាចចាំបាច់។
ក្រុមមន្ត្រីបានប្រាប់ថា កិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ធនាគារកណ្តាល អ្នកការទូត និងមេធាវី បានចាប់ផ្ដើមធ្វើឥតឈប់ឈរ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរដ្ឋបាលលោក Biden បានដាក់សម្ពាធលើចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ឲ្យបង្កើតយុទ្ធសាស្រ្តមួយ ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ដែលជាខួបឆ្នាំទី២ នៃការលុកលុយរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ទ្រព្យសកម្មជាង ៣០០ពាន់លានដុល្លាររបស់រុស្ស៊ីដែលកំពុងពិភាក្សានោះ បាននៅក្រៅការគ្រប់គ្រងរបស់ទីក្រុងមូស្គូអស់រយៈពេលជាង ១ឆ្នាំហើយ។ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន សហរដ្ឋអាមេរិក រួមជាមួយនឹងអឺរ៉ុប និងជប៉ុន បានប្រើប្រាស់ទណ្ឌកម្ម ដើម្បីបង្កកទ្រព្យសម្បត្តិ ដោយបដិសេធមិនឲ្យរុស្ស៊ីចូលទៅកាន់ទុនបម្រុងអន្តរជាតិរបស់ខ្លួន៕