
ក្រសួងការពារជាតិអាមេរិក បានរាយការណ៍ថា រដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក Rustem Umierov ។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីព័ត៌មានចុងក្រោយបំផុតស្តីពីស្ថានភាព នៅអ៊ុយក្រែន និងអាទិភាពជំនួយផ្នែកសន្តិសុខ។
ទន្ទឹមនឹងនេះ លោក Austin ក៏បានផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព ក្នុងការបង្កើតសម្ព័ន្ធសមត្ថភាព នៅក្នុងក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន និងរៀបចំផែនការកិច្ចប្រជុំបន្ទាប់របស់ក្រុមនេះ។
សារនោះ បានបញ្ជាក់ថា៖ «មេដឹកនាំទាំងពីរ បានសន្យាថា នឹងបន្តការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ គ្នា»។
មុននេះ សេតវិមាន បាននិយាយថា ខ្លួនជឿជាក់ថា ខ្លួន បានធ្វើឲ្យរីកចម្រើន ក្នុងអំឡុងពេលការចរចាជាមួយគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក ដើម្បីពង្រឹងវិធានការប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ នៅព្រំដែនភាគខាងត្បូង ដែលទំនងជានឹងអនុញ្ញាតឲ្យពួកគេអនុម័តកញ្ចប់ថវិកាបន្ថែមសម្រាប់អ៊ុយក្រែន ក្នុងខែមករា។
កាលពីថ្ងៃទី២០ ខែធ្នូ មេដឹកនាំនៃគណបក្សទាំងពីរ បាននិយាយថា ព្រឹទ្ធសភាអាមេរិក នឹងមិនអាចបោះឆ្នោតលើកញ្ចប់ផ្តល់ជំនួយសម្រាប់អ៊ុយក្រែន និងពង្រឹងសន្តិសុខព្រំដែនអាមេរិក រហូតដល់ដើមឆ្នាំ ក្រោយ។
កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបាននៅក្នុងព្រឹទ្ធសភា ដែលគណបក្សប្រជាធិបតេយ្យគ្រប់គ្រងដោយសំឡេងភាគច្រើន៥១-៤៩ ក៏នឹងចាំបាច់ទទួលបានការយល់ព្រមពីសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ (ភាគច្រើន ២២១-២១៣)។