ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់គ្រប់គ្រងសួង ស្ថាប័នធ្វើការពង្រឹង សមត្ថភាពមន្រ្ដី និងពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រសួងដែលមិនចាំបាច់ ឬត្រូវផ្លាស់ប្ដូរ ខណៈដែលអាណត្តិទី៧នេះគឺជាអាណត្តិពង្រឹងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នជាជាងពង្រីកបន្ថែម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា ទាក់ទងទៅនឹងគោលដៅអាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ការពង្រឹងស្ថាប័នរដ្ឋ គឺជាកិច្ចការសំខាន់ ដូចជាការជ្រើសមន្រ្ដីថ្មី និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួងស្ថាប័នជាដើម។
សម្ដេចធិបតី បានបញ្ជាក់ថា ការពង្រឹងស្ថាប័ន តួនាទី ភារកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនេះ គឺជាកិច្ចការសំខាន់ ដើម្បីធានាដល់ការដឹកនាំ និងអនុវត្តការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យសម្រេចបានតាមគោលដៅ និងផែនការដែលបានកំណត់ និងដាក់ចេញ៕ អត្ថបទ៖ វ៉ន ដារ៉ា