ភ្នំពេញ ៖ខណៈប្រទេសកម្ពុជាកំពុងជំរុញកំណើននៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ពិភពលោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ ណែនាំក្រសួងពាណិជ្ជកម្មសហការជាមួយភាគីពាក់ព័ន្ធ និងវិស័យឯកជន ត្រូវពង្រឹងគុណភាពផលផលក្នុងស្រុករបស់កម្ពុជាឱ្យមានគុណភាពខ្ពស់ ស្ដង់ដារល្អសម្រាប់ការនាំចេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធពង្រឹងនៅការផលិតផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្រ្តជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិជាដើម។
សម្ដេចធិបតីបានណែនាំឱ្យក្រសួងជួយដល់វិស័យឯកជនបង្កើតសភាពាណិជ្ជកម្មតាមរាជធានី ខេត្ត និងតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសព្រមទាំងបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បីចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងចាប់យកឱកាសពាណិជ្ជកម្ម។
សូមជម្រាបថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រាប់រយៈពេល ១១ ខែ ឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០ លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ ខែឆ្នាំ២០២២។ ក្នុងនោះទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាចំណូលប្រមូលបានក្នុងរយៈពេល ១១ ខែឆ្នាំ២០២៣ នេះមានចំនួន ៥៣ ៥៧៨,១ លានរៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)។ ការចំណាយសរុបក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៩០ ៤៦៩,៨ លានរៀល (ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់)។ ការចុះបញ្ជីពាណិជ្ជកម្មមានចំនួនសរុប ១១ ៥០៦ ក្រុមហ៊ុន និងការលុបចេញពីបញ្ជីមានចំនួន សរុប ៩៦៧ ក្រុមហ៊ុន។ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក។ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ ម៉ាក៕
អត្ថបទ៖វ៉ន ដារ៉ា



