
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) បានចោទប្រកាន់យោធាអ៊ីស្រាអែលថា បានកំណត់គោលដៅលើអ្នកកាសែត និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៃបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងជម្លោះ នាពេលថ្មីៗនេះ។
CPJ ដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក បាននិយាយថា អ្នកសារព័ត៌មាន យ៉ាងហោចណាស់ ៦៨ នាក់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា អ៊ីស្រាអែល និង លីបង់ភាគខាងត្បូង ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនរបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា និងការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់។
CPJ បានបន្តទៀតថា៖«អ្នកសារព័ត៌មានកាន់តែច្រើន ត្រូវបានសម្លាប់ ក្នុងរយៈពេល១០សប្តាហ៍ដំបូងនៃសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជាងការសម្លាប់ នៅក្នុងប្រទេសតែមួយ ក្នុងរយៈពេលពេញមួយឆ្នាំ»។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) មានការព្រួយបារម្ភជាពិសេសចំពោះគំរូជាក់ស្តែងនៃការដាក់គោលដៅលើអ្នកសារព័ត៌មាន និងក្រុមគ្រួសាររបស់ពួកគេ ដោយយោធាអ៊ីស្រាអែល។ ក្នុងករណីយ៉ាងហោចណាស់មួយ អ្នកកាសែតម្នាក់ ត្រូវបានសម្លាប់ ខណៈពាក់ស្លាកសញ្ញាសារព័ត៌មានយ៉ាងច្បាស់ នៅក្នុងទីតាំងដែលគ្មានការវាយប្រហារ កើតឡើង។ នៅក្នុងករណីយ៉ាងហោចណាស់ពីរផ្សេងទៀត អ្នកកាសែត បានរាយការណ៍ថា ទទួលបានការគំរាមកំហែងពីមន្ត្រីអ៊ីស្រាអែល និងមន្ត្រីកងកម្លាំងការពារអ៊ីស្រាអែល មុនពេលសមាជិកគ្រួសាររបស់ពួកគេ ត្រូវបានគេសម្លាប់»។